Friday, December 2, 2016

សុភមង្គល​គឺជាអ្វី​? - What is happiness? - ខំរៀន.khomrean.com

 

សុភមង្គល​គឺជាអ្វី​?
វាដូចជា​រឿង​ដដែល​ៗ ដែល​ខ្ញុំ​ចេះ​តែឧស្សាហ៌​លើក​យក​ពាក្យ​ សុភមង្គល មក​និយាយ​ និងធ្វើ​ការវែក​ញែក​។ ពីព្រោះ​ពាក្យ​នេះ​ គឺជា​សិល្បិ៍វិធី​ដែល​មនុស្ស​មួយ​ចំនួន​យក​វា​មកប្រើ​ដើម្បីទាញ​យក​ផល​ ប្រយោជន៌​ ពីអ្នក​ដែល​ងប់ងល់​ ចង់​បាន​ និង​ប្រាថ្នា​ចង់​បាន​វា​។
ដូច្នេះ នៅ​ថ្ងៃ​នេះ​ខ្ញុំ​ចង់​ប្រាប់​ថា «សុភមង្គល​» មិនមែន​ជា​របស់​ដែល​អ្នក​ដទៃ​អាច​ប្រគល់​អោយ​យើង​បានទេ​ ហើយ​យើង​ក៏​មិន​អាច​ប្រគល់​វា​អោយ​អ្នកដទៃ​បានដែរ​ ព្រោះ​វា​ត្រូវ​ការ​ភាព​ជាក់ស្តែង​មួយ​ដើម្បី​ធ្វើ​វាឡើង​។

តើ​សុភមង្គល​គឺជា​អ្វី​?
ជាការពិត «សុភមង្គល​» មិនមែនជា​វត្ថុ​ ដែលអាច​ចាប់​យក​បាន​ ព្រោះ​វាគឺជា​អារម្មណ៌​ រឺជា​សញ្ចេតញ្ញាណ​ដែល​កើត​ឡើង​ក្នុង​ចិត្ត​បុគ្គល​ម្នាក់​ៗ។ វាគ្រាន់​តែជា​ជាតារម្មណ៌​​ ដែល​អាចជំរុញ​ស​ភាវៈ​អោយ​អាច​ទទួល​យក​រឿងរ៉ាវ​ផ្សេងៗ​តាមរយៈ​ឥន្ទ្រីយ៌​ តែប៉ុណ្ណោះ​។

បើវែកញែក​ពាក្យ​ «សុភមង្គល​» គឺ​វា​មកពីពាក្យ​ផ្សំពីរគឺ «សុភៈ» + «មង្គល» ជា​ពាក្យ​បាលីសំស្រ្តឹត​។ «សុភៈ» មាន​ន័យ​ថា​ «ល្អ​, ភាព​ប្រសើរ​» ឯពាក្យ «មង្គល» មានន័យថា «ភាពរុងរឿង​, ភាព​មិន​មាន​មន្ទិល​»។ បូក​បញ្ចូលពាក្យ​ទាំងពីរ​បានជា «សុភមង្គល» មានន័យថា «ភាពសុខសាន្ត​រុងរឿង ដ៏​ល្អ​ប្រសើរ»។

តាមការ​យល់ឃើញដោយ​ឡែក សុភមង្គល ដូចជា​បាន​កើត​ឡើង​តាមរយៈ វត្ថុ​ខាងក្រៅ​ដូចជា ទ្រព្យ​សម្បត្តិ អំណាចបុណ្យសក្តិ​ ជាដើម​ រហូត​ធ្វើអោយ​មនុស្ស​មួយចំនួន​យល់​ថា មាន​អំណាច មានទ្រព្យសម្បត្តិ​ គឺមានអ្វីៗ​ទាំងអស់ ហើយ​អ្វី​ៗ​ទាំងអស់​នោះ ហៅថា សុភមង្គល​។ ប៉ុន្តែ​សូមសួរ​ត្រឡប់​ទៅវិញថា តើ​ពួក​អ្នក​មានអំណាច ប្រាជ្ញ បុណ្យសក្តិ​ ទាំងនោះ មិនចេះ​មាន​ភាពរកាំរកូស មិនចេះ​មាន​កង្វល់​ទេមែនទេ?​ ជាការពិត ពួកគេអាចជា​ប្រភេទ​មនុស្ស​ដែល​មាន​សេចក្តីសុខ​ ព្រោះ​មានទ្រព្យ​ (បើមិនជាប់បំណុល), មានសេចក្តីសុខ​ព្រោះ​​ស្ថានភាព (បើមិនមានជំងឺ​) ប៉ុន្តែ​វា​នៅតែ​មិន​ស្ថិត​ក្នុងលក្ខណៈសម្បត្តិនៃសុភមង្គល​ដដែល​។

តាម​អត្ថបទ​ខ្លឹមសារនៃសេចក្តីសុខ​ដែលបានចុះ​ផ្សាយ​ដោយ​ ព្រះពុទ្ធ​សាសនា ៥០០០ បាន​បកស្រាយថា សេចក្តីសុខមាន ២ ប្រភេទ៖

សេចក្តីសុខប្រភេទទី១ គឺជា​សេចក្តី​សុខជាប់​ដោយ វត្ថុបម្រុងបម្រើខាងក្រៅ អាស្រ័យវត្ថុនោះៗមកជួយ ។ វត្ថុខាងក្រៅ​នោះមានច្រើន លោកហៅថា អាមិស រ​ហូតដល់​មនុស្ស​ដែលនៅ​ជុំវិញ​ទាំងអស់ ។ បើមិនមាននូវ របស់ទាំង​អស់នេះទេ ក៏មាន​សេចក្តីដឹងខ្លួន​ថាខ្វះខាត ហើយក៏កើតទុក្ខ ។ សុខទុក្ខរបស់​មនុស្សយើងបែបនេះ ផ្ញើទុកនឹង​របស់ខាងក្រៅ គឺយើងមិន​អាចរស់​នៅជាសុខ ទៅបាន បើមិនមាននូវរបស់ទាំងអស់នេះទេ ។ សេចក្តី សុខនេះ​មិនបានមាំ​ទាំយឺនយូរឡើយ ព្រោះដោយសារវា ជាប់​ជាមួយ​នឹង​របស់​ខាងក្រៅហ្នឹង​ឯង ។ គួរសង្កេត​ឱ្យ ឃើញថា នៅពេលខឹងក្តី ភ័យ​តក់​ស្លុតក្តី ទោមនស្សអាក់អន់ចិត្តក្តី ក្តៅក្រហាយស្តាយក្រោយក្តី និងអ្វីផ្សេង​ៗ​ទៀត ដែលមានលក្ខណៈមិនសប្បាយចិត្ត នៅពេលឃើញ ពេល ឮ ជា​ដើម នេះ​គឺជាការបញ្ជាក់ដល់សភាពដែលមិនមាននូវ ខ្លឹមសារនៃ​សេចក្តី​សុខ បណ្តោយ​ឱ្យអស់នូវសេចក្តីសុខ រលីងអំពីចិត្តសន្តាន ដូច្នេះទើប​ពុទ្ធបរិស័ទ​ត្រូវព្យាយាម កំណត់​ដឹងនូវសេចក្តីពិតក្នុងពេ​លនោះៗ ត្រូវឱ្យ​កើតមាន នូវ​សេចក្តីសុខ​ប្រភេទទី ២ ។
សេចក្តីសុខប្រភេទទី២ គឺសេចក្តី​សុខដែលកើត ក្នុងចិត្ត​របស់ខ្លួនឯង នៅដក់ក្នុងចិត្ត​ជាប្រចាំ ដោយមិន បានអាស្រ័យ​របស់ខាងក្រៅ ដូចជា​លាភ​សក្ការៈ កិត្តិយស កេរ្តិឈ្មោះ ការគោរពរាប់អាន និងពាក្យ​សរសើរ​ជាដើម ឡើយ ។ 

សរុបមក​ ការ​មានសេចក្តីសុខ​ផ្លូវ​មួយ​ដែល​អាចបង្កើន​បាននូវ​ សុភមង្គល ក្នុងឆាកជីវិត​​ ដូច្នេះ​មនុស្ស​នឹង​មិនមាន​សុភមង្គលបើ​មិនមាន​ទ្រព្យ តែបើ​មនុស្ស​ឈានដល់​ការ​លះបង់​ទ្រព្យ​ លះបង់​ការចង់បាន ការ​លោភលន់ ការ​ច្រណែន ការ​ឈ្នានីស​ ពេលនោះ មនុស្ស​នឹងរកឃើញ​សុភមង្គល​ ក្នុង​កម្រិត​ខ្ពស់​មួយ​ (បរមសុខ)។ 

ប៉ុន្តែនៅ​ទីនេះ ខ្ញុំ​ចង់​និយាយផ្តោត​ទៅ​លើ​ ការ​ទាមទារ​យក សុភមង្គល របស់​បុថុជ្ជន (ជន​សាមញ្ញ) ដែល​គេ​គ្រប់​គ្នា​នោះ យល់ដឹង ក្នុងកម្រិត​មួយថា សុភមង្គល គឺកើតឡើង​ពី​កត្តា​ទំនាក់ទំនង​ស្នេហា និង​កត្តា​ផល​ប្រយោជន៌​ផ្នែក​សេដ្ឋ​កិច្ច​។ ដោយពឹង​ផ្អែក​លើ​កត្តា​ទាំងពីរនេះ មនុស្ស​អាច​ស្វែងរក​សុខ​សុភមង្គល​ក្នុងកម្រិត​​មួយ​ដោយ​ងាយស្រួលបំផុត​ បើសិនជា​មនុស្ស​អាច​កំណត់​ការ​ចង់​បាន​របស់​ខ្លួន​បាន​ច្បាស់លាស់​។

១.​ កត្តាទំនាក់ទំនងស្នេហា​..៖ មនុស្ស​អាចប្រើប្រាស់​ទំនាក់ទំនងស្នេហា (ការស្រលាញ់ជាប់ស្អិត​ - នឹងបកស្រាយនៅអត្ថបទក្រោយ​) ដើម្បី​ត្រួសត្រាយ​ផ្លូវជីវិតរបស់គេ​អោយដល់​គោលដៅ​សុភមង្គលពិតប្រាកដ​។ បុគ្គល​ពីរនាក់ នឹង​ត្រូវ​ធ្វើដំណើរ​លើ​ផ្លូវ​នោះ​ តែបុគ្គល​ទាំងពីរ​ត្រូវ​មាន​...៖

ចំណេះដឹង​ប្រហាក់​ប្រហែល​គ្នា (សមសីលា រឺ សមបញ្ញា)
ជំនឿ ​ប្រហាក់ប្រហែលគ្នា (សមសទ្ធា)
ការ​លះបង់ និង​ទទួល​ប្រហាក់ប្រហែល​គ្នា (សមចាគា)
ការមានជីវិត​ (វង្សត្រកូល) ប្រហាក់ប្រហែល​គ្នា (សមជីវិតា)
បុគ្គល​ពីរនាក់ កាល​ចាប់ដៃគ្នា​ដើរលើផ្លូវរួម​មួយ ហើយ​ប្រកប​ដោយអង្គ​ទាំង​៤ខាង​លើ គេ​នឹង​អាច​ពុះពារ​រួមគ្នា​ដោយ​ភាព​យោគយល់​ (ចេះស្តាប់គ្នា) និង​ការ​អត់អោន (កែតម្រូវ​បើមានកំហុស)​។ 

ផ្សេង​ពីនេះ ការ​លះបង់ (Given) និង​ការ​​ព្រម​ទទួល​យក (Accepted) គឺជា​ចំណុចសំខាន់បំផុត​ សម្រាប់​ការ​រស់នៅ​ជាមួយគ្នា​។ អ្នកទាំងពីរ​ត្រូវ​ចោទសួរ​ខ្លួនឯងថា តើ​យើង​គយួរ​លះបង់​អ្វីខ្លះ​ដើម្បី​គេ ហើយ​តើ​យើង​ព្រមទទួលយកអ្វីខ្លះពីគេ​។

ឧទាហរណ៌ងាយយល់បំផុត​គឺ ពេលដេក​ជាមួយ​គ្នា តើ​អ្នក​អាចទ្រាំ​និង​ការដេកស្រមុក​របស់​គេ​បានទេ? ពេលញ៉ាំ​អាហារ តើ​អ្នក​អាច​ទ្រាំ​និង​ភាព​ស្មោគគ្រោក​របស់គេ​បាន​ទេ​? ពេលរួមភេទ តើ​អ្នក​អាច​ទ្រាំ​ និងក្លិន​ រឺ​ភាព​កំរោលចូល​របស់​គេ​បាន​ទេ? 

២. កត្តា​ផលប្រយោជន៌​ផ្នែកសេដ្ឋកិច្ច..៖ ជាការពិត ការទំនាក់ទំនង​គ្នា​ក្នុង​ផ្លូវស្នេហា បើទោះជា​វា​គ្រាន់តែជា​អារម្មណ៌​ជក់ចិត្ត​មួយ តែវាក៏ទាម​ទារ​នូវ​ភាព​ផ្អែម​ល្ហែម ដែល​កើត​បានដោយសារ​តែ​ការ​ប្រើប្រាស់ធនធានដែរ​ ដូច្នេះតិចរឺច្រើន ពេល​ជួបគ្នាដំបូង មនុស្ស​ច្បាស់ណាស់ថា នឹងសំលឹង​មើល​ស្ថានភាព​សេដ្ឋកិច្ច​រវាងគ្នា​និង​គ្នា​មិនខាន​។ ចំនុចរួមដែល​មនុស្ស​អាច​ស្វែងរកសុខសុភមង្គល​ក្នុង​ផ្លូវនេះ​បាន​គឺ​ផ្អែក​លើ ​កត្តា​២យ៉ាងគឺ..៖

កត្តាវេទនា​..៖ វាសំខាន់​ណាស់ ព្រោះមនុស្ស​ម្នាក់​ៗ​តែង​មានឧត្តមគតិ និង​គោលដៅជីវិត​របស់​គេ​។ ជួន​កាល​គោលដៅជីវិត​របស់​អ្នក អាច​ជាគោលដៅជីវិត​របស់​ដៃគូ​អ្នកដែរ​ ដូចនេះ​ទោះមានក្តី មិនមានក្តី ទ្រព្យសម្បត្តិ​គ្រាន់តែជា​របស់ក្រៅខ្លួន​ប៉ុណ្ណោះ​ ព្រោះ​អ្នក​ទាំងពីរ​អាច​នឹង​ខិតខំប្រឹងប្រែង​ដើម្បី​គោលដៅតែមួយ ឧត្តមគតិ​តែមួយ​។

កត្តាផលប្រយោជន៌..៖ ទ្រព្យ​សម្បត្តិ ជួនកាលធ្វើអោយ​អ្នក​ភ្លេច​ដល់​ឧត្តមគតិ។ អ្នក​អាច​នឹង​យល់ព្រម​បំភ្លេច​គោលដៅជីវិតចាស់​ដែល​អ្នក​មិនរំពឹងថា​នឹង​ មកដល់​​ ហើយចាប់​យក​ទ្រព្យសម្បត្តិ​ដើម្បី​បង្កើត​គោលដៅជីវិតថ្មី​ ដែល​យល់ថា​វាងាយជាង​ ប៉ុន្តែ​ធាតុពិត​អ្នក​នៅតែ​យល់​ព្រម​លើ​កត្តាវេទនា​របស់​អ្នក ព្រោះ​នៅទីបំផុត​អ្នក​នៅ​តែ​ពុះពារ​ដើម្បី​គោលដៅដដែល​។​

នៅទីបញ្ចប់​ សុភមង្គល មិនមែនអ្នកណាៗ​ក៏អាច​រកវា​មកបាននោះទេ ទោះជា​វា​តែងស្ថិត​នៅ​ក្នុង​ព្រលឹង​របស់​មនុស្ស​គ្រប់រូបក៏ដោយ ព្រោះការ​ស្វែងរក​សុខសុភមង្គល វាទាមទារ​អោយបុគ្គល​ធ្វើ​វា​ដោយ​អំណត់ និងតាមលំដាប់លំដោយ ហើយ​ធ្វើ​នៅ​ក្នុង​ផ្លូវ​ដ៏ត្រឹមត្រូវ​ទៀត​ផង​។

ដូច្នេះ សូមឈប់ជឿ​លើការសន្យាណា ដែល​ប្រើប្រាស់​ពាក្យ សុភមង្គល មកធ្វើជាលែះ​ទៀត​ទៅ​។ នៅទីនេះ ខ្ញុំ​សូមប្រាប់អ្នកទាំងអស់គ្នាថា សុភមង្គល គឺជា​ស្ថិត​ក្នុងកណ្តាប់ដៃយើងស្រាប់ទៅ​ហើយ​៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ឯកសារ៖ http://www.neavea.com/book/bid/6&part=51​ (ដោយ​ ច. សម្បត្តិ)

No comments:
Write comments

ADVERTISEMENT(670 X 100)