Thursday, December 1, 2016

អត្ថន័យអំបោះចំណងដៃ ភាគ២ - Meaning Yarn Dowry part 2 - ខំរៀន.khomrean.com

 

អត្ថន័យអំបោះចំណងដៃ ភាគ២

តពីភាគមុន

៣/ អំពីកថាមាសនិងបន្តោងព្រះ៖ ក្រោយមកទៀត ព្រះពុទ្ធសាសនា បានធ្វើដំណើរមកដល់ ប្រទេសខ្មែរ ក្នុងយុគ សម័យអង្គរ ពេលប្រទេសខ្មែរ ចាប់ផ្តើម រុងរឿង មានសន្តិភាព។ ពលរដ្ឋយើង បានយល់ឃើញថា ពណ៌មាស (ពណ៌ស្បង់ចីពរ) ជាពណ៌ដ៏ប្រសើរ នៅក្នុង ព្រះពុទ្ធសាសនា ព្រោះជាតំណាងភាពភ្លឺត្រចះពណ្ណរាយ ដោយសីលធម៌ គុណធម៌ ភ្លឺចិញ្ចាច និងវិន័យដ៏តឹងរឹង មោះមុត។ ថ្វីបើព្រះពុទ្ធសាសនាបានប្រដៅអប់រំអោយមនុស្ស មានជំនឿលើខ្លួនឯង ពឹងលើសមត្ថភាពរបស់ខ្លួនឯង ប្រឹងប្រែងជួយខ្លួនឯង មិនអោយពឹងផ្អែក ទៅលើអរូបីជំនឿខ្លាំងពេកក៏ដោយ ក៏ពលរដ្ឋខ្មែរជាច្រើន នៅតែមានការភន្ត័ច្រឡំ ច្របូកច្របល់ នូវព្រំដែននិងឥទ្ធិពលនៃសាសនាទាំងបីនេះ គឺសាសនាវិញ្ញាណនិយម ព្រាហ្មសាសនា និងពុទ្ធសាសនា ហើយមិនដឹងថា ត្រូវគោរពមួយណា លះបង់មួយណាឡើយ។ ផ្ទុយទៅវិញ ខ្មែរយើងបានផ្លាស់ប្តូរទដ្ឋិ និងទម្លាប់ខ្លះៗ ខាងផ្នែកប្រពៃណី និងជំនឿរបស់ខ្លួន ដោយបបួលនាំគ្នាពូនសន្សំប្រាក់ ទិញមាសលឿង មាសពណ៌ស ឬទិញដុំប្រាក់ យកមកឆ្នៃឆ្លាក់សូន្យធ្វើជាអលង្ការ ខ្សែក ខ្សែដៃ ខ្សែចង្កេះ ខ្សែសង្វារ ខ្សែក្រវាត់ ដោយមានព្យួរ កថាមាស ដែលមានចារឆ្លាក់អក្សរយ័ន្តអាគម ឬចារយ័ន្តលើដុំមាសរួចច្នៃធ្វើជាឡេវអាវ ជាម្ជុលខ្ទាស់ខ្ទាស់ ខ្ទាស់នៅលើមួក ឬនៅលើអាវ ដោយមានការប្រារព្ធប្រសិទ្ធី ដើម្បីលើកតម្កើង រាសីនិងឬទ្ធិអំណាច អោយកាន់តែថ្កុំថ្កើងរុងរឿង និងជោគជ័យ នៅគ្រប់ពេលដែលគេពាក់គ្រឿងទាំងនេះ នៅលើខ្លួនរបស់គេ។ នៅសម័យបច្ចុប្បន្ន យើងនៅតែឃើញ ពលរដ្ឋអភិជនខ្មែរ និងពលរដ្នសាមញ្ញ ទូទៅជាច្រើន នៅតែនិយមពាក់ ខ្សែដៃមាស ខ្សែចង្កេះមាស ឬខ្សែកមាស ចងកថាមាស និងបន្តោងព្រះ ឬគ្រឿងប្រសិទ្ធី ដែលមានពណ៌ប្រាក់ មាស ស ឬមាសលឿង ស្ទើរគ្រប់ៗគ្នា។

ហេតុដូច្នេះហើយ ទើបបច្ចុប្បន្ននេះ យើងឃើញមាន ការយកអំបោះចងដៃ មានជាខ្សែពណ៌ក្រហមពណ៌ស ឬជា ខ្សែដៃមាសស មាសលឿង បន្តោងកថាយ័ន្ត ទៅតាមចំណូលចិត្ត និងការនិយមរៀងៗខ្លួន។ ពលរដ្ឋខ្លះទៀត ក៏រត់ធ្វើតាមគ្នាព្រោងព្រាត ដោយមិនទាំងដឹងថា ហេតុអ្វីបានជា ពលរដ្ឋខ្លះត្រូវចងអំបោះពណ៌ស ឬក្រហម ចងកថាមាស ឬចងឈ្នួតក្រហម លើដើមដៃ ឬលើក្បាល ទាំងឡាយនោះផង។

កំណត់សំគាល់សំខាន់មួយទៀត គឺខ្មែរយើងបាននាំគ្នាប្រមូលផ្គួប តួបីនាក់ចូលគ្នាក្នុងរូបតែមួយ ដូចជា យករូបតួអ្នកតាក្នុងវិញ្ញាណនិយម ដែលចេះមន្តអាគម តួព្រាហ្មក្នុងព្រាហ្មញ្ញសាសនា ដែលទុកសក់វែងចងជុក ស្លៀកសពាក់ស និងព្រះសង្ឃកោរសក់ស្លៀកស្បង់លឿង មកផ្គួបអោយរលាយចូលគ្នា បានក្លាយជារូប លោកតាឥសីតែមួយអង្គ ដែលស្លៀកស្បង់ចីពរលឿង (ដូចព្រះសង្ឃ) តែទុកសក់ចងជុកនិងទុកពុកមាត់ (ដូចព្រាហ្ម) ហើយចេះប្រើសិល្ប៍មន្តអាគមសក្តិសិទ្ធិ (ដូចអ្នកតា) ជាដើម។

ចំណែកមេមត់វិញ ខ្មែរយើងបច្ចុប្បន្ន ក៏បានយករូបតំណាង របស់សាសនាបី មកបូកបញ្ចូលគ្នាដែរ គឺរូបមេមត់ មានលាបក្រែមក្រហមឆ្អៅ លើបបូរមាត់និងថ្ពាល់ ទុកសក់វែងចងគួចទៅក្រោយ (ជាមេមត់វិញ្ញាណនិយម) តែស្លៀកស ឬបង់ក្រមា (តាមបែបដូនជីក្នុងពុទ្ធសាសនា) ពាក់ខ្សែក ខ្សែឆៀង ឬខ្សែចង្កេះ ជាមាស មានបន្តោងកថាមាស ឬខ្សែដៃមានកថាមាស (ពណ៌មាសរបស់ពុទ្ធសាសនា) ហើយប្រើកន្សែងស ដណ្តប់កាយមនុស្ស ពេលប្រសិទ្ធីរំដោះគ្រោះ តម្លើងរាសី (ពណ៌សរបស់ព្រាហ្មសាសនា)។ ចំណែកដូនមេមត់ទាំងឡាយនេះ ក៏មានប្រើទាំងអំបោះស និងអំបោះក្រហម ទៅតាមកាលវេលា ដែលលោកជ្រើសរើស តាមការយល់ឃើញ របស់លោក រៀងៗខ្លួន។

ចំពោះរូបព្រះភូមិវិញ នៅជំនាន់ដើម គេច្រើនសង់ជារូបឈរ មានរូបរាងជាបុរសឆ្មាំ ស្លៀកចងក្បិនក្រហម ជួតក្រមាក្រហម នៅក្បាល និង នៅដើមដៃ ជាស្លាកចំណាំ ពាក់ខ្សែអំបោះ បន្តោងភ្លុក ឬចែកាច់ ក្នុងលក្ខណៈមេកន្ទ្រាញ ឈរកាន់លំពែង និង ខែល។ គេច្រើនយករូបសំណាកនេះ ទៅដាក់ នៅមាត់ទ្វាររបង ដើម្បីការពារភូមិស្រុក។ មានកាល អ្នកស្រុកគិតថា ដោយសារឆ្មាំនេះ ជាតំណាងរូបឳពុក ដែលជាជំហរ ការពារដីភូមិផ្ទះនៅ អោយកូនចៅក្រុមគ្រួសារ រស់សុខក្សេមក្សាន្ត ទើបអ្នកស្រុកអ្នកភូមិ ចំណាំសង់ខ្ទមឧបកិច្ចមួយ អោយឆ្មាំស្នាក់នៅ ហើយច្រើនដាក់តាំងនៅមុខផ្ទះ ក្បែរមាត់របង ដើម្បីអោយមនុស្សទាំងឡាយ ដែលដើរកាត់ក្លោងទ្វារដីភូមិ ត្រូវឱនក្បាលគោរពគ្រប់គ្នា។ ប៉ុន្តែ ក្រោយៗមកទៀត នៅតំបន់ខ្លះ គេសង់រូបសំណាក មានពាក់ក្បាំងមាស ស្លៀកក្បិនសារបាប់ ពាក់ខ្សែកាថាមាស កាន់លំពែងជំនួសវិញ ជាកិច្ចលើកតម្កើងរូបភាព អោយស្រស់ស្អាត តាមលក្ខណៈ ព្រាហ្មញ្ញសាសនា។ នៅភូមិខ្លះ អ្នកស្រុក រករូបសំណាក មកឧបកិច្ចមិនបាន ក៏ ដាក់តាំងជើងពានធូប សែនបាយនិងផ្លែឈើប្រចាំថ្ងៃ ដោយពុំមានរូបសំណាកអ្វី នៅក្នុងខ្ទមនោះឡើយ។

ចំណែកនៅមុខក្លោងទ្វារវត្តវិញ គេបានបង់ក្លាយ រូបព្រះភូមិ ទៅជារូបយក្សកាន់ដំបង ជាតំណាងបុរសឆ្មាំ ដែលមានរូបរាងនិងក្បាច់រចនា ចម្លងមកពីវប្បធម៌ព្រាហ្មសាសនា តែគោលគំនិត សំដៅទៅលើព្រះភូមិ ការពារដីវត្ត ដែលអ្នកស្រុកបានឧបកិច្ចពិធី សន្មតយកធ្វើជាទីសក្ការៈ មិនអោយមាននរណា រំលោភទឹកដីទីនេះ យកទៅធ្វើអ្វីផ្សេងទៀត។ ដោយមូលហេតុថា ព្រះភូមិ គ្រាន់តែជាវិញ្ញាណសាមញ្ញ មិនមែនជាវិញ្ញាណអ្នកបួស ដូច្នេះនៅមានសិទ្ធិវាយសំពង អ្នកដែលរុករានទន្ទ្រានទឹកដីសក្ការៈ ទើបគេសង់រូបយក្ស តែនៅក្រៅក្លោងទ្វារ សីមាព្រះវិហារ មិនអាចសង់អោយឈរនៅ ខាងក្នុងសីមាបានទេ។

ឧទាហរណ៍ ដែលយើងឃើញញឹកញាប់មួយទៀត គឺការសែនក្រុងពាលី ហោមរោង (សរសេរថា ពាលី) នៅពេលមុនឡើងសម្តែងរបាំបុរាណខ្មែរ ជាពិសេស ការសម្តែងរឿងរាមកេរ្តិ៍ ឬនៅមុនពេល គេឡើងសៃវៀនប្រកួតប្រដាល់ ជាដើម។ ការពិត ក្រុងពាលី ជាឈ្មោះរបស់តួអង្គ នៅក្នុងរឿងរាមកេរ្តិ៍ ដែលជារឿងបុរាណ នៅក្នុងព្រាហ្មសាសនា មិនមែនជាឈ្មោះ របស់អ្នកតា នៅក្នុងជំនឿវិញ្ញាណនិយមទេ។ រីឯការសែនព្រេន ជាទំនៀមទម្លាប់របស់អ្នកស្រុក ដែលប្រារព្ធ ជំនឿ វិញ្ញាណនិយម ដោយមានការប្រសិទ្ធីតំកើងរាសី តំកល់ជោគជតា ច្រើនមានពន្លឺចន្លុះ (សម័យថ្មីគេប្រើធូបទៀន) សែនស្រា អាហារសាច់សត្វទាំងមូល និងផ្លែឈើជាគ្រឿងក្លែម។ ការប្រារព្ធពិធីប្រសិទ្ធីនេះ មិនមានទំនៀមទាក់ទង ទៅនឹង ព្រះពុទ្ធសាសនាឡើយ ព្រោះមានលាយ អាការសាហាវ (គ្រឿងស្រវឹង) និងការសម្លាប់សែនសត្វមូល ជាគោ ជាជ្រូក​ព្រៃ ជាឈ្លូសប្រើស ជាដើម។ នៅក្នុងមតិមួយទៀតដែលថា ការសែន ក្រុងពលី (សរសេរថា ពលី --មិនមែនពាលី-- ក្រុង មានន័យថា ជាស្តេច ឬមេកន្ទ្រាញនៃទឹកដីមួយ ពលី មានន័យថា បូជា) គឺជាការប្រារព្ធពិធីបូជា សេចក្តីគោរព ចំពោះវិញ្ញាណ ដែលបូជាពលី ការពារស្រុកភូមិ អោយមានសុខសន្តិភាព ចាកផុតពីការយាយី ពីខ្មាំងសត្រូវទាំងឡាយ។

អ្នកស្រី កែវ ច័ន្ទបូរណ៍
ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ km.wikipedia.org​

No comments:
Write comments

ADVERTISEMENT(670 X 100)