Thursday, December 1, 2016

ពិធីបុណ្យ​ដារលាន - Harvesting ceremony for farmers in Cambodia - ខំរៀន.khomrean.com

 

ពិធីបុណ្យ​ដារលាន

ក- សេចក្តីផ្តើម
សម្រាប់ ប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជាកសិករ ពួកគាត់តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនផងដែរនូវពិធីការព្រះពុទ្ធសាសនា ដោយជារៀងរាល់ឆ្នាំបាននាំគ្នាប្រារឰពិធីបុណ្យផ្សេងៗ ផ្អែកទៅតាមរដូវកាល ជំនឿ និងធនធានដែលពួកគាត់មាន ។

ជារៀងរាល់ឆ្នាំ ប្រជាកសិករខ្មែរគ្រប់ភូមិ-ស្រុកទូទាំងប្រទេស ក្រោយពីបញ្ចប់ការច្រូតស្រូវ បោកបែនរួចរាល់ជាស្ថាពរហើយនោះ ចាស់ទុំក្នុងភូមិតែងតែងជជែកពិគ្រោះយោបល់គ្នា ដើម្បីលៃលកពេលវេលាសមស្របណាមួយដើម្បីអាចធ្វើបុណ្យដារលានបាន ។ ជារួមប្រពៃណីបុណ្យដារលាន ត្រូវបានពុទ្ធបរិស័ទទូទាំងប្រទេស ក៏ដូចជាមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ជាពិសេសក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ តែងតែប្រារឰឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរក្សានូវអត្តសញ្ញាណព្រលឹងជាតិខ្មែរ ឱ្យបានគង់វង្ស ក៏ដូចជាការបង្កឱកាសដល់កសិករឱ្យមានការជួបជុំញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមផ្លាស់ប្តូរយោបល់គ្នា លើការងារបង្កបង្កើនផលឆ្នាំកន្លងមក និងជាពិសេសដើម្បីចូលរួមកម្សាន្តសប្បាយ បន្ទាប់ពីការចំណាយអស់នូវកម្លាំងកាយ កម្លាំងចិត្តគ្រប់បែបយ៉ាង ក្រោមកម្តៅព្រះអាទិត្យ និងភ្លៀងផ្គរ យ៉ាងប្តូរផ្តាច់អស់រយៈពេលមួយរដូវនៃការងារបង្កបង្កើនផលរបស់ខ្លួន កន្លងមក ។

ខ- អត្ថន័យនិងគោលបំណង
បុណ្យដារលាន ជាពិធីបុណ្យដែលទាក់ទងទៅនឹងជំនឿសាសនា ជាប្រពៃណីមួយដែលខ្មែរយើងជឿថា “ធម៌រមែងរក្សាចំពោះបុគ្គលណា ដែលប្រព្រឹត្តនូវធម៌ ធម៌ដែលបុគ្គលសន្សំបានល្អហើយ រមែងនាំមកនូវសេចក្តីសុខ បុគ្គលអ្នកសន្សំនូវធម៌ រមែងបាននូវអានិសង្ឃមិនខាន ហើយបុគ្គលជាអ្នកសន្សំនូវធម៌ នឹងមិនទៅកាន់នូវទុគតិឡើយ” ។
ដារលាន មានន័យថា ការឆ្លងទីដីវាលរលីង ។ បុណ្យដារលានអ្នកស្រុកហៅខុសៗគ្នា អាស្រ័យទៅ តាមតំបន់នីមួយៗ ដូចជាខ្លះហៅបុណ្យបោសលាន បុណ្យសាមគ្គី បុណ្យកណ្តាលភូមិ និងបុណ្យដារបាតលានជាដើម ។ ថ្វីបើបុណ្យនេះមានឈ្មោះខុសគ្នាច្រើនអន្លើក៏ពិតមែន តែគោលបំណងសំខាន់នៃពិធីបុណ្យ មានទិសដៅតែម្យ៉ាងគត់ គឺដើម្បីរំឭកដឹងគុណម្ចាស់ទឹក ម្ចាស់ដី ដែលបានបន្សល់ទុកនូវមត៌កដ៏ត្រកាលនេះ ឱ្យកូនចៅជំនាន់ក្រោយប្រកបរបរចិញ្ចឹមជីវិត ។ តាមពិតទៅខ្មែរយើងគោរពធម្មជាតិពីរ គឺទឹក និងដី ព្រោះទឹកនិងដីមានសារប្រយោជន៍ដល់ការប្រកបរបរកសិកម្ម ជាពិសេសគឺការផ្តល់នូវភោគផលស្រូវអង្ករ ដែលបានចិញ្ចឹមពួកគេឱ្យមានជីវិតរស់នៅ និងជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិសាសន៍ខ្មែរ ។ ទន្ទឹមនេះ គឺដើម្បីសុំខមាទោសនូវអំពើឆ្គាំឆ្គងទាំងឡាយដែលគេបានប្រព្រឹត្ត ប៉ះពាល់ក្នុងរដូវបង្កបង្កើនផល ដូចជាការបន្ទោរបង់ទឹកមូត្រ ឬដើរជាន់នៅលើទីវាលស្រែជាដើម ព្រោះព្រះធរណីជាប្រភពធ្វើឱ្យស្រូវដុះលូតលាស់ ។
ព្រឹទ្ធាចារ្យជំនាន់ដើមចាត់ទុកថា ស្រូវអង្ករជាអ្នកមានគុណប្រៀបដូចម្តាយ ហេតុ ដូច្នេះហើយបានជា មានពាក្យថា “ព្រះមេ” រៀងរហូតមក ។ ភាពជាក់ស្តែងនាសម័យដើម គឺនៅពេលមិនទាន់មានម្សៅ ឬទឹកដោះគោបំបៅទារក ម្តាយមិនអាចឃ្លាតចាកទៅឆ្ងាយពីកូននៅជាទារកបានយូរឡើយ ។ ប្រសិនបើម្តាយបានទទួលអនិច្ចកម្មដោយប្រការណាមួយនោះ ទារកច្បាស់ជាមិនអាចទ្រាំទ្រជីវិតឱ្យបានរស់នៅតទៅទៀតបានទេ ។ ក្នុងស្ថានភាពលំបាកបែបនេះ អ្នកដែលមើលថែទារកតែងតែដោះស្រាយ ដោយយកអង្ករទៅបបរ រម្ងាស់បញ្ចុកទារកឱ្យអាចមានជីវិតរស់នៅបានរហូតដល់ពេញរូបរាង ។
ចំណែកប្រជារាស្ត្រខ្មែរទាំងអស់ ក៏តែងទទួលទានបាយដើម្បីទ្រទ្រង់ជីវិតឱ្យបានរស់នៅស្ថិតស្ថេរដែរ ។ ហេតុដូច្នេះហើយបានជាមុននឹងពិសារ “បាយ” ព្រឹទ្ធាចារ្យខ្មែរទាំងអស់ តែងតែលើកដៃសំពះសូមអរគុណចំពោះព្រះមេជានិច្ច ។ លោកតែងតែពន្យល់កូនចៅឱ្យមានការប្រុងប្រយត្នក្នុងការទទួលទានបាយ គឺកុំឱ្យជ្រុះធ្លាក់រាត់រាយឥតប្រយោជន៍ ដោយពន្យល់ទៀតថា ការជ្រុះឥតប្រយោជន៍នេះ នឹងទទួលបាបមិនខាន ។ នៅពេលលាងអង្ករ ក៏លោកពន្យល់កុំឱ្យខ្ជះខ្ជាយដែរ គឺសម្រិតទឹកដោយប្រុងប្រយត្ន ។ ប្រសិនបើអង្ករដោយតាមទឹកខ្លះនោះ ត្រូវនិយាយសុំទោស ហើយជះទឹកដែលលាងមានអង្ករខ្លះនោះទៅឱ្យសត្វមាន់ ចាបស៊ី ដើម្បីបានជាប្រយោជន៍ក្នុងការសាងកុសលផង ។
ដោយឡែកពិធីបុណ្យនេះ មានអត្ថន័យដ៏វិសេសវិសាលមួយទៀត គឺដើម្បីរំឭកគុណចំពោះបុព្វការី ជនទាំងឡាយដែលបានខិតខំកាប់គាស់ព្រះធរណី ដើម្បីឱ្យគេមានដីស្រែធ្វើ និងរំឭកគុណដល់ព្រះភិរុណ ដែលបានបង្អុរមកគ្រប់គ្រាន់ ធ្វើឱ្យដំណាំរបស់គេបានដុះលូតលាស់ និងចេញផ្លែផ្កាបានល្អ ។ ម្យ៉ាងទៀតក្នុងពិធីបុណ្យនេះ ក៏បានរៀបចំបួងសួងសែនព្រេនផងដែរដល់ព្រះភូមិ ដែលជាម្ចាស់ទឹកម្ចាស់ដី និងដល់វត្ថុសក្តិសិទ្ធនានា សូមមេត្តាជួយឱ្យគេបានសេចក្តីសុខ ជួយឱ្យបានភោគផលស្រូវទៅថ្ងៃមុខច្រើនបរិបូណ៌ ។
ម្យ៉ាងទៀត ពិធីនេះក៏បានផ្តល់លទ្ធភាពឱ្យប្រជាកសិករជួបជុំមូលមិត្តជិតឆ្ងាយ បានពិភាក្សាគ្នាទៅវិញទៅមកអំពីផលស្រូវ និងរឹតចំណងសាមគ្គីភាព មនោសញ្ចោតនា រវាងញាតិមិត្តជិតឆ្ងាយទាំងអស់ផងដែរ ។

គ- ប្រវត្តិ
បុណ្យដារលាន បានកើតមានមុនសង្គមខ្មែរដែលប្រកាន់យកជំនឿព្រហ្មញ្ញសាសនាមកម្ល៉េះ ដោយកាលនោះជនជាតិខ្មែរតែងគោរពជំនឿទស្សនៈជីវចលនិយម ។ ប្រវត្តិសាវតារនៃពិធីបុណ្យដារបាតលាន កើតមានយូរយារណាស់មកហើយ ដោយគេមិនដឹងអំពីកាលបរិច្ឆេទច្បាស់លាស់ឡើយ ប៉ុន្តែពិធីបុណ្យដារលាន មានការរីកចម្រើននៅក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ដែលអតីតព្រះមហាក្សត្រអង្គនេះ មានព្រះទ័យយកចិត្តទុកដាក់លើវប្បធម៌អារ្យធម៌របស់ខ្មែរយើង ។

នៅពេលប្រជាកសិករចាប់ផ្តើមធ្វើស្រែចម្ការ ពួកគាត់តែងតែមានជំនឿថា កសិផលដែលកើតពីកសិកម្ម មានអាទិទេពជួយថែរក្សា ជួយឱ្យកើត និងធ្វើឱ្យវិនាសផងដែរ ។ ដោយសារតែមានជំនឿបែបនេះហើយ ទើបបានជាមនុស្សជំនាន់មុននៅតែរក្សាគោលគំនិតថា ផលដំណាំមានអាទិទេពជួយថែរក្សា មានអ្នកតាគ្រប់គ្រង ។ ដូច្នេះហើយ នៅពេលប្រកបរបរធ្វើស្រែចម្ការ ខ្មែរយើងរមែងរៀបរយសែនព្រេន ដើម្បីឱ្យអ្នកតាជួយរក្សាទឹកដីឱ្យផលដំណាំមានភាពចម្រុងចម្រើន ។ ចំណែកអ្នកថែរទាំទឹកដីមិនមានឈ្មោះប្រាកដនោះទេ ដោយសំអាងទៅលើទម្លាប់ហៅទៅតាមតំបន់នីមួយៗ ។ គួរកត់សម្គាល់ផងដែរចំពោះស្រែណា ដែលមានអ្នកតាគង់នៅ គឺអ្នកស្រុកតែងនិយមរៀបចំសែនព្រេនយ៉ាងអ៊ឹកធឹក ដោយមានរៀបចំជាបាយស្ពក សម្លរស្ពក ស្រា ហើយពេលសែនព្រេនចប់ អ្នកស្រុកនាំគ្នាផឹកស៊ីយ៉ាងសប្បាយជាកិច្ចផ្តល់កិត្តិយសដល់អ្នកតា ។ លុះក្រោយរៀងមក ខ្មែរយើងបានកំណត់យកពិធីសែនព្រេនអ្នកតាក្នុងជំនឿទស្សនៈជីវចលនិយម មកប្រារឰជាពិធីបុណ្យដារលានរហូតមកដល់បច្ចុប្បន្ន ។

ឃ- មូលហេតុ
សេចក្តីដូចបានរៀបរាប់ខាងលើបង្ហាញឱ្យឃើញថា ពិធីបុណ្យដារលានកើតតាំងពីយូរយារណាស់មកហើយ ដែលពុំមានឯកសារណាមួយ ឬនរណាម្នាក់អាចបញ្ជាក់ ឬចាំច្បាស់អំពីកាលបរិច្ឆេទនោះទេ ។ ប៉ុន្តែ មូលហេតុគួរឱ្យជឿបាន ដែលធ្វើឱ្យមានពិធីបុណ្យនេះ គឺយើងទទួលបានឯកសារពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងព្រះគ្រូ សោម សាម៉ន អនុគណស្រុកអង្គរជុំ និងជាព្រះគ្រូចៅអធិការវត្តចារឈូករង្សី ដែល មានខ្លឹមសារ និងនិទានកថាដូចតទៅ៖
រឿងកសិករឈ្មោះចុល្លកាឡ (អានិសង្ឃនៃការធ្វើបុណ្យទានក្នុងរដូវធ្វើស្រែ)
ឯកសារ៖ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
កាលពីព្រេងនាយ រាប់អំពីភទ្ទកប្បយើងទៅអតីតកាលចំនួន៩១កប្ប មានព្រះពុទ្ធមួយអង្គព្រះនាម វិបស្សី ទ្រង់ឧប្បត្តិកឡើងក្នុងលោក ។ គ្រានោះមានកុដុម្ពិកៈពីរនាក់ជាបងប្អូនបង្កើតនឹងគ្នាជាកសិករ ។ បងឈ្មោះ មហាកាឡ និងប្អូនឈ្មោះ ចុល្លកាឡ មានស្រែស្រូវសាឡីជាច្រើន ។
ថ្ងៃមួយ ចុល្លកាឡ ដែលជាអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនា បានដើរទៅមើល ថែរទាំស្រូវក្នុងស្រែ បានហែកបង្ហើបស្រូវសាឡីមកទំពារមានរសឆ្ងាញ់ ក៏កើតបុព្វចេតនាចង់ឱ្យទានចំពោះព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ទើបចូលទៅនិយាយប្រាប់មហាកាឡជាបងថា យើងគិតហែកបង្ហើបស្រូវសាឡីកិនចម្អិនលាយ ទឹកដោះថ្វាយព្រះសម្ពុទ្ធ ប្រហែលជាបានបុណ្យច្រើនណាស់ ។ មហាកាឡ តបថា ម៉េចឯងនិយាយចង្រៃយ៉ាងហ្នឹង! គេមិនដែលធ្វើស្រូវកំពុងជិតចេញផ្លែឱ្យវិនាសដូច្នេះទេ ។ ចុល្លកាឡ ចេះតែអង្វរបងជាច្រើនដង បងមិនព្រមសោះ បែរជាត្រឡប់និយាយតបប្អូនវិញថា បើឯងនៅតែចចេសបំផ្លាញស្រូវដូច្នេះ ត្រូវចែកស្រែគ្នាចុះ ស្រែណាជាចំណែកអញឯងកុំពាល់ ចំណែកស្រែរបស់ឯង ឯងចង់ធ្វើយ៉ាងណាក៏តាមតែចិត្តរបស់ឯងចុះ ។
ចុល្លកាឡមានសេចក្តីត្រេកអរណាស់ក៏ប្រាប់បងថា ស្រួលហើយចែកឱ្យខ្ញុំចុះ ដើម្បីខ្ញុំបានធ្វើទានក្នុងពេលឆាប់ៗនេះ កុំឱ្យស្រូវចេញផ្លែទាន់ ។ លុះបងចែកស្រែឱ្យហើយ ចុល្លកាឡ ក៏នាំមិត្តជាច្រើនទៅជួយហែកបង្ហើបស្រូវយកមកកិនចម្អិនលាយទឹកដោះ ស្រស់ផ្សំដោយសប្បិ ទឹកឃ្មុំ ស្ករក្រាម យកទៅថ្វាយភិក្ខុសង្ឃដែលមានព្រះពុទ្ធវិបស្សីជាប្រធាន ហើយប្រាថ្នាថា ទានរបស់ខ្ញុំព្រះអង្គនេះជាទានកើតអំពីស្រូវដំបូងបំផុត ជាទានប្រសើរ ខ្ញុំសូមឱ្យបានត្រាស់ដឹងនូវធម៌ប្រសើរមុនគេក្នុងអនាគតកុំខាន ។ ព្រះពុទ្ធវិបស្សី ក៏អនុមោទនាថា សូមអ្នកបានសម្រេចដូចសេចក្តីប្រាថ្នាចុះ ។ លុះបានទទួលពរនេះហើយ ក៏ថ្វាយបង្គំលាត្រឡប់ទៅផ្ទះវិញ បានចូលទៅមើលស្រែម្តងទៀត ស្រាប់តែឃើញដើមស្រូវដែលបានហែកហើយនោះបញ្ចេញផ្លែគ្រប់ដើមដូចជា គេចងកណ្តឹង បីតិទាំង៥ក៏កើតមានគំនិតឡើងគិតថា បុណ្យឱ្យផលអញជាក់ស្តែងណាស់តើ ដូច្នេះអញត្រូវលៃធ្វើទានក្នុងរដូវធ្វើស្រែនេះឱ្យបាន៩ដងក្នុង មួយរដូវ ។
លុះដល់ស្រូវនោះល្មមធ្វើអំបុក ចុល្លកាឡ ធ្វើទានម្តងទៀតជាលើកទី២ ស្រូវក្នុងស្រែដុះវិញដូចដើម ដល់ពេលច្រូតកាត់ធ្វើទានម្តងទៀតជាលើកទី៣ ដល់ពេលហាលដៃធ្វើទានម្តងទៀតជាលើកទី៤ ដល់ពេលចងកណ្តាប់ធ្វើទានម្តងទៀតជាលើកទី៥ ដល់ពេលជញ្ជូនកណ្តាប់ដាក់លានធ្វើទានម្តងទៀតជាលើកទី៦ ដល់ពេលបែនបោកធ្វើទានម្តងទៀតជាលើកទី៧ ដល់ពេលរោយស្រូវចាក់ធារធ្វើទានម្តងទៀតជាលើកទី៨ និងដល់ពេលដឹកស្រូវចាក់ជង្រុកធ្វើទានម្តងទៀតជាលើកទី៩ ។ ចុល្លកាឡ បានធ្វើភត្តទានអស់វារៈ៩ដង ក្នុងមួយរដូវ ធ្វើស្រែ ដូច្នេះស្រូវសាឡីចេះតែចម្រើនឡើងឥតមានខូចខាតឡើយ ។
ដល់ពេលធ្វើមរណកាលទៅ កសិករចុល្លកាឡ បានទៅសោយសេចក្តីសុខក្នុងទេវលោក និងមនុស្សលោកជាយូរអង្វែង លុះមកខាងចុងនៃកប្បមួយ រាប់អំពីភទ្ទកប្បនេះទៅចំនួនមួយសែនកប្ប គាត់បានកើតក្នុងត្រកូលអ្នកមានទ្រព្យម្នាក់ បានធ្វើមហាទានអស់៧ថ្ងៃទៀត ក្នុងសាសនាព្រះសម្ពុទ្ធព្រះនាមបទុមុត្ថរៈ ក្នុងនគរហង្សាវតី្ថ លុះថ្វាយមហាទានហើយ គាត់ចូលទៅក្រាបថ្វាយព្រះបាទានៃព្រះពុទ្ធអង្គនោះ សូមប្រាថ្នាឱ្យ បានត្រាស់ដឹងអគ្គធម៌មុនគេទៀត ។ លុះមកដល់ភទ្ទកប្បនេះ គាត់បានមកកើតក្នុងត្រកូលព្រាហ្មណ៍ មហាសាលក្នុងស្រុកទោណវត្ថុ ជិតក្រុងកបិលពស្តុ មានឈ្មោះថា កោណ្ឌញ្ញៈ កើតមុនព្រះសម្ពុទ្ធបរមគ្រូចាប់ បដិសន្ធិជាច្រើនឆ្នាំ ។ កាលមានវ័យធំហើយ មាតាបិតាបានឱ្យសិក្សារៀនសូត្ររហូតដល់ចេះចប់គម្ពីរត្រៃវេទ និងតម្រាទាយមហាបុរិសលក្ខណៈ ។
ទីបំផុតធម៌ទេសនាក្រោយបានស្តាប់ធម្មទេសនារបស់ព្ឬះពុទ្ធ កោណ្ឌញ្ញភិក្ខុ បានសម្រេចសោតាបត្តិផលមុនគេក្នុងលោក ទើបព្រះសម្ពុទ្ធទ្រង់បន្លឺឧទានថា “អញ្ញាសិ វត កោ កោណ្ឌញ្ញោ អញ្ញាសិ វព កោ កោណ្ឌញ្ញ” ប្រែថា កោណ្ឌញ្ញៈ បានដឹងធម៌ហើយហ្ន! ៗ ។
អាស្រ័យព្រះឧទាននេះ ទើបមានពាក្យថា ធញ្ញកោណ្ឌញ្ញ ជាប់ជានាមរបស់លោកតមកក្នុងប្រវត្តិពុទ្ធសាសនា ។
ដោយបានយល់នូវសាច់រឿង (អានិសង្សនៃការធ្វើទានក្នុងរដូវធ្វើស្រែ)រួចមក ទើបកសិករខ្មែរចាប់ផ្តើមរៀបចំពិធីបុណ្យដារលាននេះឡើង ។

រឿងស្នេហាកំលោះក្រមុំក្នុងជង្រុកស្រូវ
និទានកថា៖ ព្រះគ្រូ សោម សាម៉ន

តាមប្រវត្តិរឿងព្រេងទាក់ទងពិធីបុណ្យដារលានរបស់បងប្អូនប្រជាពលរដ្ឋនៅ ខេត្ត សៀមរាប ជាពិសេសតាមសង្ឃដីការបស់ព្រះគ្រូ សោម សាម៉ន អនុគណស្រុកអង្គរជុំ និងជាព្រះគ្រូចៅអធិការវត្តចារឈូក រង្សី បាននិទានថា ពិធីបុណ្យដារលាន មានតាំងពីមុនសម័យពុទ្ធកាលមកម្ល៉េះ ដែលតាមការនិទានតៗគ្នាមកថា ទង្វើនេះកាលណាធ្វើហើយ តែងតែទទួលបានផលល្អហើយ និងមានជំនឿថា បើបានធ្វើបុណ្យដារលានហើយ ឆ្នាំក្រោយនឹងកើតភោគផលកាន់តែច្រើនជាងឆ្នាំនេះទៅទៀត ។
រឿងនិទានតែងដំណាលថា នៅសម័យមុនពុទ្ធកាលនោះ ស្រូវដែលបានយកទៅសាបព្រោះលើព្រះធរណីហើយ តែងតែដុះលូតលាស់និងផ្តល់ផលផ្កាផ្លែដោយឯកឯងរហូតដល់ពេលប្រមូលផល មិនបាច់ទៅច្រូត កាត់បោកបែន និងដឹកជញ្ជូនមកផ្ទះទេ គឺម្ចាស់ស្រែគ្រាន់តែយកសំណែនដែលមានបង្អែមចង្អាបផ្សេងៗទៅ សែនព្រេននៅឯវាលស្រែ ហើយគ្រាន់តែឧទ្ទិសប្រាប់ព្រលឹងស្រូវថា “ជង្រុកស្រូវបានរៀបចំនៅឯផ្ទះរួចហើយ សូមផលស្រូវហោះដើរទៅចូលជង្រុកនោះចុះ” ជាការស្រេច ។ ផលស្រូវតែងតែហោះហើរចូលជង្រុកដោយខ្លួនឯង(មានជំនឿថា កាលនោះគ្រាប់ស្រូវមានស្លាប) ។ ប៉ុន្តែមានសម័យយប់មួយក្នុងគ្រួសារមួយ ដែលមានកូនក្រមុំព្រហ្មចារីនីម្នាក់បានណាត់ជាមួយសង្សាររបស់ខ្លួនចូល ទៅសាសង ស្នេហាក្នុងជង្រុកស្រូវ ចំពេលដែលផលស្រូវកំពុងហោះហើរចូលក្នុងជង្រុករំខានដល់ការសាសងរបស់ គូសង្សារ ធ្វើឱ្យក្រមុំកំលោះទាំងពីរខឹងសម្បា ហើយក៏ជេរប្រទេចផ្តាសារផលស្រូវដែលកំពុងហោះហើរចូលជង្រុកនោះ ។ ផលស្រូវបានឮពាក្យជេរប្រទេចយ៉ាងដូច្នេះ ក៏ខឹងមួរម៉ៅយ៉ាងខ្លាំងឥតឧបមា ហើយក៏ស្រែកតបតមកថា “ចាប់ពីពេលនេះទៅ បើមិនយកវត្ថុអ្វីទាក់កអញទេ អញមិនហោះហើរចូលក្នុងជង្រុកទៀតឡើយ” ហើយចាប់ពីពេលនោះមក ពេលស្រូវទុំល្មមនឹងប្រមូលផល យើងទាំងអស់ត្រូវទៅច្រូតដោយយកកណ្តៀវកាត់ ហើយចងជាកណ្តាប់ និងបោកបែន ដឹកជញ្ជូនចូលជង្រុកទើបមានផលស្រូវក្នុងជង្រុកបាន ។
ទោះបីយ៉ាងនេះក៏ដោយ ដើម្បីឱ្យផលស្រូវបានគង់វង្សនិងកើនឡើងថែមទៀតនៅឆ្នាំក្រោយនោះ ប្រជាកសិករតែងប្រារឰធ្វើពិធីបុណ្យដារលានអន្ទងព្រលឹងស្រូវឱ្យ សណ្ឋិតក្នុងជង្រុកក្រោយពេលប្រមូលផល និងដឹកជញ្ជូនស្រូវចូលក្នុងជង្រុករួចរាល់ជារៀងរហូតមកទល់ពេល បច្ចុប្បន្នកាលនេះ ។

ពិធីហៅព្រលឹងស្រូវ
ពិធីហៅព្រលឹងស្រូវមានគោលបំណងសុំខមាទោសស្រូវ ដែលគូសង្សារបានជេរប្រទេចផ្តាសារ ។ ពិធីនេះ ត្រូវរៀបចំរកស្រីក្រមុំព្រហ្មចារីនីចំនួន៦នាក់ និងកំលោះព្រហ្មចារីចំនួន៦នាក់ (ជំនឿនេះតាមព្រហ្មញ្ញសាសនា) កាន់កញ្ជើដាក់កណ្តាប់ស្រូវ ។ ត្រូវមានយាយម្នាក់កាន់កញ្ជើស្រូវនាងគង់ជញ្ជាត់ហៅព្រលឹងស្រូវ ហើយស្រែកថា ១-២-៣-៤-៥-៦-៧-៨-៩ រហូតដល់១៩ សព្វគ្រប់បរិបូណ៌ឱ្យព្រលឹងស្រូវមកសណ្ឋិតឱ្យបានភោគផលសម្បូររុងរឿង នៅឆ្នាំក្រោយ ។ មានលោកអាចារ្យម្នាក់ទៀត យកដើមឫស្សីរែងធ្វើជាត្រកដាក់នំចំណីដែលធ្វើពីស្រូវដោតដាក់ កណ្តាលស្រែរួចនិយាយថា សត្វស្រមោច សង្អារ បក្សា បក្សីទាំងឡាយអើយ មកទទួលយកទៅសេពសោយចុះនូវសំណែនទាំងអស់នេះ ពីព្រោះមនុស្សមិនបានយកស្រូវមកដាក់ក្នុងជង្រុកអស់ទេ សូមអ្នកទទួលយកសំណែនទាំងនេះទៅបរិភោគ ហើយឱ្យសព្វសាធុការពរដល់ប្រជាកសិករដែលជាម្ចាស់ភោគផលបានសុខ សប្បាយ គង់ទ្រព្យ គង់សម្បត្តិ គង់យស គង់សក្តិ គង់ប្រាក់ គង់មាស ជានិច្ចនិរន្តរ៍រៀងទៅ ។

ង- ពេលវេលានិងកិច្ចដំណើរការពិធីបុណ្យ
ការកំណត់រៀបចំពិធីបុណ្យនេះ យោងតាមការសន្មតក្នុងភូមិនិងតំបន់នីមួយៗ ក្រោយពេលគេ ប្រមូលភោគផលស្រូវបានចប់គ្រប់គ្នាអស់ហើយ ។ ប៉ុន្តែមានស្រុកខ្លះគេធ្វើនៅពេលស្រូវចេញ ដើម្បីអបអរ សាទរចំពោះផលស្រូវដែលបានចេញជាផ្លែផ្កា ។
ជាទូទៅនៅតំបន់ដាំដុះស្រូវរដូវវស្សាដោយពឹងផ្អែកទឹកភ្លៀង គេច្រើនប្រារឰពិធីនេះនៅក្នុងខែធ្នូ ឬ ខែមករា (មិគសិរ-បុស្ស) បន្ទាប់ពីប្រមូលផលរួចរាល់ ។ ដោយឡែកនៅតំបន់តាមដងទន្លេ ដែលមានផ្ទៃដី ដាំដុះដំណាំស្រូវតែរដូវប្រាំងវិញនោះ គេច្រើនប្រារឰពិធីបុណ្យដារលាននៅក្នុងខែឧសភា-មិថុនា(ពិសាខ-ជេ ស្ឋ) បន្ទាប់ពីបានប្រមូលផលស្រូវរួចរាល់ ។
ចំពោះកាលបរិច្ឆេទជាក់លាក់នៃពិធីបុណ្យ កាលពីសម័យដើមជនជាតិខ្មែរនិយមធ្វើបុណ្យដារលាន ដោយកំណត់ថ្ងៃប្រារឰពិធីបុណ្យពីសម្នាក់ព្រះសង្ឃ ប៉ុន្តែនាសម័យបច្ចុប្បន្ន កាលបរិច្ឆេទនៃពិធីបុណ្យ ត្រូវបានកំណត់ដោយចាស់ទុំក្នុងភូមិជាអ្នកសម្រេច ក្រោយពេលពិគ្រោះយោបល់គ្នា ដើម្បីលៃលកឱ្យចំពេលទំនេររបស់អ្នកភូមិ ជាពិសេសឱ្យចំថ្ងៃសៅរ៍ ឬអាទិត្យ ដើម្បីទុកលទ្ធភាពឱ្យកូនចៅ ដែលធ្វើការនៅឆ្ងាយមានឱកាសបានចូលរួមក្នុងពិធីនេះ ។
មុននឹងដំណើរការពិធី គេត្រូវរៀបចំទីតាំងនៅលើដីវាលស្រែណាមួយសិន ដោយត្រូវជម្រះគល់ ជញ្ជ្រាំងស្រូវឱ្យដីរាបស្មើរួចយកលាមកគោស្រស់លាយទឹក ហើយលាយដីដំបូកឱ្យជ្រាយល្មម ចាក់ពង្រាយ លើបរិវេណដីដែលបានជម្រះស្អាតហើយនោះ ។ បន្ទាប់មកគេយករនាស់ដៃរុញឱ្យស្មើរហូតដល់ស្ងួតចែស ដែលគេហៅថា “ឡើងលាន” ។
កម្មវិធីនៃពិធីដារលាន មិនមានភាពស្មុគស្មាញអ្វីច្រើនទេ តែមានភាពអ៊ឹកធឹក ដោយសារមានវង់តន្ត្រីពិណពាទ្យកំដរ និងអ្នកស្រុកក្នុងភូមិទាំងអស់ឯកភាពគ្នាជួបជុំច្រើកុះករ ។ នៅពេលព្រឹក អ្នកស្រុករួម ភូមិមកជួបជុំគ្នាដើម្បីរៀបចំរណ្តាប់ផ្សេងៗសម្រាប់ថ្វាយដល់ គុណព្រះរតនត្រៃព្រះភូមិ ។ ជាមួយគ្នានេះដែរ គេបានយកម្ហូបអាហាររៀងៗខ្លួនសម្រាប់ប្រគេនព្រះសង្ឃ និងសម្រាប់ហូបចុកជួបជុំគ្នាក្នុងការរឹតចំណងសាមគ្គីភាព ។
កម្មវិធីជាបន្ត គឺព្រះសង្ឃនិមន្តមកសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យដល់ភូមិនិង អ្នកភូមិ បន្ទាប់មកគេវេរភត្តាហារប្រគេនព្រះសង្ឃឆាន់ ។ ជាមួយគ្នានេះដែរ គេក៏ត្រូវរៀបចំសែនព្រេនដល់ព្រះភូមិដែលជាម្ចាស់ទឹក ម្ចាស់ដី និងដល់វត្ថុសក្តិសិទ្ធិ សូមមេត្តាជួយឱ្យគេបានសេចក្តីសុខ ជួយឱ្យបានភោគផលស្រូវទៅថ្ងៃមុខ ច្រើនបរិបូណ៌ ដោយកុំឱ្យមានសត្វល្អិត សត្វកណ្តុរ ឬចាប សេក ស៊ីបំផ្លាញស្រូវឱ្យសោះ ។ គេក៏មិនអាច បំភ្លេចបានដែរនូវការបន់ស្រន់សុំខមាទោសពីព្រះមេ សូមមេត្តាអនុគ្រោះចំពោះអំពើឆាំឆ្គង ដែលតែងតែកើតមានជាយថាហេតុណាមួយ ។ ពិធីជាបន្ត គឺជាការដារឆ្លងបុណ្យ និងប្រោះព្រំទឹកមន្តដល់អ្នកដែលបានចូលរួម ។ ដើម្បីជាកិច្ចបញ្ចប់កម្មវិធី គឺការលៀងភោជនាហារ ។
ពិធីជាផ្លូវការនៃការដារលានបានបញ្ចប់មែន តែការកំដរជីវិតក្រោយពេលបំពេញការងារយ៉ាងផ្តូរ ផ្តាច់អស់មួយរដូវកន្លងមក ទ្រាំទ្រក្រោមកម្តៅថ្ងៃ ឬតំណក់ទឹកភ្លៀងនោះ បានធ្វើឱ្យគេមានការនឿយហត់យ៉ាងខ្លាំង ។ ដូច្នេះឱកាសនេះ គេត្រូវការសម្រាកកម្សាន្តខ្លះដែរ ។ ការសម្រាកកម្សាន្តនៃអ្នករស់នៅជនបទ គឺគេ ប្រមូលគ្នាដោយណាត់ទីមកកន្លែងដារលាននេះក្នុងពេលព្រលប់ ត្រជាក់ដើម្បីរាំកម្សាន្ត ។ គេក៏អាចណាត់គ្នា នៅទីធ្លាកណ្តាលភូមិ ឬនៅមុខផ្ទះនរណាម្នាក់ដែលមានធ្លាធំអាចដំណើរការបានស្រួលដែរ ។
ពិធីដារលាន និងការរាំកម្សាន្តក្រោយពេលបំពេញការងារ ដែលយើងបានរៀបរាប់មកនេះ វាគ្រាន់ តែជាការតំណាងឱ្យពិធីដទៃផ្សេងទៀត ដែលខ្មែរយើងតែងនិយមរៀបចំ ក្រោយបំពេញភារកិច្ច ដោយមិន សូវអាក់ខានឡើយ ។ កិច្ចប្រារឰពិធីទាំង អស់នេះ គឺជាប្រពៃណី ជាទម្លាប់ ឬជាសីលធម៌ ដែលខ្មែរតែងរៀបចំ ដើម្បីដឹងគុណចំពោះអ្នកដែលមានគុណទាំងឡាយ និងដើម្បីសម្រាកកម្សាន្តសប្បាយ ឬដើម្បីភ្ជាប់មនោសញ្ចោតនាសាមគ្គីភាពរវាងញាតិមិត្តជិតឆ្ងាយ ទាំងអស់ ។ ម្យ៉ាងទៀត ការរៀបចំពិធីនីមួយៗនោះ មិនមានអ្នកជំហរចេញប្រាក់កាសទេ តែកើតដោយចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួន ដែលគេមានជំនឿក្នុងការកសាងកុសល ដោយមិនមើលបំណាំថា អ្នកណាចេញច្រីន អ្នកណាចេញតិចឡើយ ។ គេតែងអនុគ្រោះឱ្យគ្នាទៅវិញទៅមកតាមលទ្ធភាពក្នុងគ្រួសារម្នាក់ៗ ហើយប្រមូលផ្តុំម្ហូបអាហារចែកចាយគ្នាហូបជាវង់ព័ទ្ធ ជុំវិញម្ហូបអាហារដ៏ពោរពាស ចំពោះសិល្បៈសម្រាប់ការកម្សាន្តពេលរាត្រីក៏កើតមានឡើងដោយ ការស្រុះស្រួលគ្នា គឺគេចាត់ចែងយ៉ាងណាឱ្យមានដោយខានមិនបាន ព្រោះប្រជារាស្ត្រខ្មែរច្រើនតែជាអ្នកមាននិស្ស័យសិល្បៈ ។
សរុបសេចក្តីមក ពិធីបុណ្យដារលានបានបង្កើតឱ្យមានបរិយាកាសរីករាយក្រៃលែង បន្ទាប់ពីការ នឿយហត់ក្នុងរដូវបង្កបង្កើនផលកន្លងមក ដោយអ្នកភូមិបាននាំគ្នារាំ ច្រៀង និងលេងល្បែងកម្សាន្តជាច្រើនប្រភេទដូចជា រត់ប្រណាំង រុញអង្រែ វាយក្អម និងល្បែងប្រជាប្រិយផ្សេងៗទៀត ឯរបៀបរបបរាំកម្សាន្តក៏មានទម្រង់មិនខុសពីការរាំវង់ដូចក្នុងពិធី ចូលឆ្នាំថ្មីដែរ ៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ ក្រសួងកសិកម្ម

No comments:
Write comments

ADVERTISEMENT(670 X 100)