Friday, December 2, 2016

សារៈសំខាន់​រវាង ស្ត្រី​មាន​ផ្ទៃពោះ និង​វីតាមីន B9 - Important between women pregnancy and Vitamin 9 - ខំរៀន.khomrean.com

 

សារៈសំខាន់​រវាង ស្ត្រី​មាន​ផ្ទៃពោះ និង​វីតាមីន B9 ដែល​គ្រូពេទ្យ​កម្រ​និយាយប្រាប់​

វីតាមីន B9 ឬ Folate ឬ អាស៊ីតហ្វូលិ​ក មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ជួយ​បង្ការ​ជំងឺ​កូន​កើត​មក​ខូច​អវៈយវៈ ឬ​ពក​ឆ្អឹងខ្នង​បាន​។ អាស៊ីតហ្វូលិ​ក ជា​ប្រភេទ​វីតាមីន B មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​ការលូតលាស់ និង​ធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ​។ វីតាមីន​ភាគច្រើន យើង​អាច​រកបាន​ក្នុង​បន្លែ​ពណ៌​បៃតង ឬ​អាច​ប្រើ​ជា​ថ្នាំ​បំប៉ន​ក៏​បាន​ដែរ​។ អាស៊ីតហ្វូលិ​ក ត្រូវបាន​គេ​អះអាងថា មាន​សារៈសំខាន់​ជាពិសេស​សម្រាប់​បង្កើត​ជា​ប្រព័ន្ធ​សរសៃប្រសាទ និង​ជួយ​បង្ការ​ជំងឺ​ខូច​បំពង់​សរសៃប្រសាទ​លើ​ទារក​ក្នុង​ផ្ទៃ​។ 

ជំងឺ​ពក​ឆ្អឹងខ្នង ឬ Spina Bifida គឺ​ជា​ជំងឺ​ខូច​អវៈយវៈ​ពី​កំណើត​មួយ​ប្រភេទ​លើ​ទារក​ដែល​កើតមាន​ញឹក​ញ៉ាប់​បំផុត​ក្នុង​តំបន់​លោក​ខាងលិក​។ នៅ​អូស្ត្រាលី​វិញ មាន​ទារក​ប្រមាន ១៥០​នាក់​ហើយ​ដែល​កើត​មក​មាន​ជំងឺ​ពក​ឆ្អឹងខ្នង​ជា​រៀងរាល់ឆ្នាំ ហើយ​ជំងឺ​នេះដែរ វា​កើត​ឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ព្រោះ​វា​ជា​ពេលវេលា​មួយ​ដែល​មាន​ការបង្កើត​នូវ​ខួរក្បាល និង​ខួរឆ្អឹងខ្នង​។ 
អ្នក​អាច​បង្កើន​ការ​ទទួលទាន​អាស៊ីតហ្វូលិ​ក​នេះ​បាន​តាមរយៈ​ការ​ញ៉ាំ​អាហារ ឬ​ថ្នាំ​បំប៉ន​។ ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​មួយ​នេះ​គឺ​មាន​នៅក្នុង​បន្លែ​ពណ៌​បៃតង ផ្លែឈើ (​ផ្លែឈើ​ជូរ ចេក និង​បឺរី​) និង​ប្រភេទ​ស្រូវ​សាលី​។​
ចំពោះ​ថ្នាំ​បំប៉ន​ប្រភេទ​អាស៊ីតហ្វូលិក​វិញ​គឺ​យើង​អាចរ​ក​បាន​គ្រប់​ឱសថដ្ឋាន​ក្នុងប្រទេស​កម្ពុជា​យើង តែ​គួរតែ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ផង​។ ចូរ​ស្វែងរក​ថ្នាំ​បំប៉ន​ប្រភេទ​នេះ​ដែល​មាន​អាស៊ីតហ្វូលិ​ក​យ៉ាង ហោចណាស់ ៤០០​ម៉ៃក្រូ​ក្រាម ហើយ​មាន​ការប្រើប្រាស់​ពី​សេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ 
មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ធានា​ថា អ្នកទទួលបាន​អាស៊ីតហ្វូលិក​គ្រប់គ្រាន់ គឺ​ទទួលទាន​ថ្នាំ​បំប៉ន​នេះ​យ៉ាងហោចណាស់​មួយ​ខែ​មុន និង​ក្រោយពេល​មាន​ផ្ទៃពោះ​៣​ខែ​។ ក្រោយមកទៀត​គឺ​មិន​ចាំបាច់​ប្រើប្រាស់​ទៀត​ទេ​៕
ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ pregnancybirthbaby.org.au
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

No comments:
Write comments

ADVERTISEMENT(670 X 100)