Wednesday, November 30, 2016

បឹងទន្លេសាប នៃព្រះរាជាណាចក្រកម្ពុជា - Tonlé Sap​ of Kingdom of Cambodia (Khmer) - ខំរៀន.khomrean.com

 

បឹងទន្លេសាប
បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ (1)។ ប្រជាជនកម្ពុជា(2) ហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា
នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម និងមានជំរៅប្រហែល១ម៉ែត្រប៉ុណ្ណោះ។​នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គ (3) ច្រាលឡើងតាមទន្លេសាប(4) ចូលមក បឹងទន្លេសាប ធ្វើអោយបឹងនេះមានទំហំដល់ទៅ ១៦០០០ គ.ម និងជំរៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីក​វិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាព​ប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុង​ប្រទេស។ នៅចុងរដូវវស្សា ទឹកចាប់ស្រក ជាពេលដែលត្រីធំធាត់ពេញរូបរាង ហើយក៏ជាពេលដែល​រដូវនេសាទចាប់ផ្តើមនៅទូទាំងប្រទេស។
អ្នកអង្កេតការណ៍ជាតិក្នុងស្រុកបានព្រួយបារម្ភអំពីកំណើនយ៉ាងឆាប់រហ័សនៃដីល្បាប់ដែលហូរមកចាក់ក្នុងបឹងជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការសិក្សារយៈពេលវែងអំពីដីល្បាប់នេះ បានអះអាងថាមាន​កំណើនដីល្បាប់ក្នុងអត្រាតែ ០.១ទៅ០.១៦ ម.ម ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលការណ៍នេះគ្មានការគំរាម​គំហែង​ធ្ងន់ធ្ងរទេដល់បឹង។ តែផ្ទុយទៅវិញ ដីល្បាប់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុង​ប្រព័ន្ឋអេកូឡូស៊ី ដោយផ្តល់នូវដីមានជីវជាតិដល់តំបន់ព្រៃរនាម។
ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។
(1) អាស៊ីអាគ្នេយ៍៖
អាស៊ីអាគ្នេយ៍គឺជាអនុតំបន់នៃអាស៊ី ប្រកបដោយប្រទេសជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រភាគខាងត្បូងចិន ខាងកើតឥណ្ឌា ខាងលិចហ៊្គីណេថ្មី និងខាងជើងអូស្ត្រាលី។ តំបន់នេះសណ្ដូកលើចំណុចប្រសព្វនៃផ្ទាំងធរណីសាស្ត្រ ដែលមានសកម្មភាពរញ្ជួយ និងភ្នំភ្លើងខ្លាំង។ អាស៊ីអាគ្នេយ៍មានតំបន់ភូមិសាស្ត្រពីរ: អាស៊ីអាគ្នេយ៍ដីគោក ដែលគេស្គាល់ដែរថាជាឥណ្ឌូចិន ផ្សំឡើងដោយ កម្ពុជា លាវ ភូមា (មីយ៉ាន់ម៉ា) ថៃ វៀតណាម និង ទៀបកោះម៉ាឡេស៊ី ហើយនិងអាស៊ីអាគ្នេយ៍សមុទ្រ (ទឹកលិច) ប្រកបដោយប្រទេស ព្រុយណេ ម៉ាឡេស៊ីខាងកើត ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ៊្វីលីពីន កោះឃ្រិសស្មាស និងសិង្ហបុរី។
(2) កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə]៖
ព្រះរាជាណាចក្រកម្ពុជា ឬ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) ឈ្មោះ​ផ្លូវ​ការ ព្រះរាជាណាចក្រកម្ពុជា ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិននៅ​អាស៊ីអាគ្នេយ៍។ ដែលមាន​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ សហាតិមាត្រ​ការ៉េ (គីឡូម៉ែត្រ​ការ៉េ) ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រថៃ​នៅខាង​លិច​ឆៀង​ខាង​ត្បូង។
(3) ទន្លេមេគង្គ
ទន្លេមេគង្គគឺជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។​វាមានប្រវែងសរុបប្រហែល​៤៨៨០​គ.ម​និងជាទន្លេវែងជាងគេ​លំដាប់ទី១២​លើពិភពលោក។​ទន្លេមេគង្គមានប្រភពពី​ខ្ពង់រាបទីបេហើយហូរកាត់ប្រទេស​ចិន​ ភូមា​(ឬ​មីយ៉ាន់ម៉ា) ថៃ​ ឡាវ ​កម្ពុជា​និង​វៀតណាម​មុននឹងហូរចូល​[[សមុទ្រចិនខាងត្បូង]]។



(4) ទន្លេសាប
ទន្លេសាបគឺជាទន្លេដែលតភ្ជាប់ បឹងទន្លេសាបទៅទន្លេមេគង្គលើ​​ ទន្លេមេគង្គក្រោម​ និង​ទន្លេបាសាក់​នៅត្រង់កន្លែងដែលគេអោយឈ្មោះថា​ចតុមុខ។ ទន្លេនេះមានប្រវែងប្រហែល​១០០​គ.ម​ ។ ​ទន្លេនេះហូរកាត់ខេត្តពោធិ៍សាត់ ​ខេត្តកំពង់ឆ្នាំង ​ខេត្តកណ្តាល​ និង​ទីក្រុងភ្នំពេញ។

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ km.wikipedia.org​

No comments:
Write comments

ADVERTISEMENT(670 X 100)