Monday, November 21, 2016

មាគានាំ​ទៅ​រក​ជោគជ័យ!​ - Path to success

 

មាគានាំ​ទៅ​រក​ជោគជ័យ!

មនុស្ស​គ្រប់​រូប ​​កើត​​មក​តែង​ប្រាថ្នា​​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។​ ជោគជ័យ​ដែល​មនុស្ស​ទូទៅ​សំដៅ​លើ​នោះ​ ភាគ​ច្រើន​ជាសម្ភារៈ​ ប្រាក់កាស​ ផ្ទះសម្បែង​ និង​ឋានៈ​ក្នុង​សង្គម​ជាដើម ប៉ុន្តែ​​​ ការ​ឲ្យ​និយមន័យ​​នៃ​ពាក្យ​​ “ជោគជ័យ” នេះ​​ខុស​ប្លែក​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​អាស្រ័យ​លើ​គោល​បំណង​របស់​ពួកគេ។​ ឥឡូ​វ​នេះ​​ Sabay ​សូម​លើក​យក​ ចំណុច​​ ៣ ​​យ៉ាង​ ដែល​អាច​ជួយ​អ្នក​ឲ្យ ​ខិត​កាន់​តែ​កៀក​ជោគជ័យ​ មិន​ថា​ជា​ការងារ​ណា​នោះ​ទេ។
ធ្វើអ្វីជា សក្ដានុពល របស់អ្នក
     គ្មាន​នរណា​អាច​ដឹង​ថា ​អ្នក​ខ្លាំង​លើ​អ្វី​ ពូកែ​អ្វី​ក្រៅ​ពី​ខ្លួន​អ្នក​នោះ​ទេ ។ ក្នុង​ន័យ​នេះ​ អ្នក​ជា​មនុស្ស​តែ​ម្នាក់​ដែល​កំណត់​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​គិត​ថា​ អ្នក​អាច​ធ្វើ​បាន​ប្រសើរ​។ ​ឧទាហរណ៍​ថា​ ឪពុកម្ដាយ​របស់​អ្នក​ចង់​ឲ្យ​អ្នក​រៀន​ជំនាញ​វេជ្ជសាស្ត្រ​ដើម្បី​ក្លាយ​ខ្លួន​ជា​វេជ្ជបណ្ឌិត​ និង​រក​ចំណូល​ បាន​ខ្ពស់ ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ ឬ​សូម្បី​តែ​ចាប់​អារម្មណ៍​ផង​នោះ​ ការ​សិក្សា​នោះ​ ក៏​មិន​ផ្ដល់​ឲ្យ​អ្នក​នូវ​លទ្ធផល​ជា​វិជ្ជមាន​ណាមួយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ ​ធ្វើ​ឲ្យ​ខ្ជះ​ខ្ជាយ​ដល់​​ពេល​វេលា​ និង​ទឹក​ចិត្ត​របស់​អ្នក។
រៀបគម្រោងជាប្រចាំ
      គ្រប់​ការងារ​ទាំង​អស់​ ការ​រៀបចំ​គម្រោង​អាច​ជួយ​ឲ្យ​អ្នក​ប្រមើល​មើល​ឃើញ​ច្រើនទាំង​ចំណុច ​វិជ្ជមាន​និង​ឧបសគ្គ​ដែល​អ្នក​នឹង​ជួប​ប្រទះ។ ​ការ​សិក្សា ​ធ្វើ​គម្រោង​​បាន​លម្អិត​ នឹង​ជួយ​ដល់​អ្នក អាច​​ព្យាករណ៍​ឧបសគ្គ​ ដែល​នឹង​ត្រូវ​ជួប​ប្រទះ​ និង​ស្វែង​រក​ដំណោះស្រាយ​ជា​បឋម​ ដ៏​ប្រសើរ​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​រក​ជោគជ័យ​របស់​អ្នក​ ហើយ​​ចំណុច​នេះ​ទៀត​សោត​ ជួយ​ឲ្យ​​​​​ចំណេញ​ពេល​វេ លា និង​បង្កើន​ជំនឿ​ជាក់​កាន់​តែ​ខ្ពស់។ ​សុភាសិត​​អង់គ្លេស​មួយ​ពោល​ថា​ “Fail to plan, plan to fail.” ​ដែល​មាន​ន័យ​ថា ​ការ​មិន​បាន​រៀបចំ​គម្រោង​ជាមុន អាច​​នាំ​ទៅ​រក​បរាជ័យ។
ការតាំងចិត្ត
      គ្មាន​ជោគជ័យ​ណា​ ដែល​អាច​សម្រេច​បាន​ដោយ​ងាយស្រួល​នោះ​ឡើយ។ ប្រសិន​បើ​គ្មាន​ការ​តាំង​ចិត្ត​ខ្ពស់​នោះ​ អ្នកអាច​នឹង​រារែក ឬ​បោះបង់​​​​គោលដៅ​ ឬ​សកម្មភាព​របស់​ខ្លួន ​នៅ​ពេល​ដែល​​​ជួប​នឹង​ឧបសគ្គ​ ។ ប្រសិន​បើ​អ្នក​បាន​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ហើយ​ បើ​ទោះ​ជា​លោក​អ្នក​មិន​ទទួល​បាន​ជោគជ័យ​ក៏​អ្នក​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​អ្នក​បាន​ខិតខំ​ប្រឹងប្រែង​ហើយ​ដែរ។​ កម្លាំង​ចិត្ត ​ជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​ក្នុង​ការ​កំណត់​ជោគជ័យ​របស់​លោក​អ្នក។
ចែកចាយបន្ត៖ khomrean.com
ដោយ៖
 ប្រាក់ ច័ន្ទសីហា

No comments:
Write comments

ADVERTISEMENT(670 X 100)